រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្ត ចំនួន ៤រូប

  • 192
  • ដោយ taravong

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ពិធីនោះមានការចូលរួមពីប្រតិភូអមដំណើរ, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត, ប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរក្រុង ស្រុកជាច្រើនរូប។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានរាយការណ៍ដោយសង្ខេបអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក និងលើកទិសអនុវត្តបន្តរបស់រដ្ឋបាលខេត្ត។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងបញ្ជាក់បន្ថែមថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបង្កើតឲ្យមានការបំពេញបន្ថែមនូវចំនួនគណៈអភិបាល និងនាយករងរដ្ឋបាលសាលារាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានភាពល្អប្រសើរ សំដៅការឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ដែលនេះជាការជួយសម្រួល និងពន្លឿនប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសំដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត និងកងកម្លាំងទាំង៣ បានសហការគ្នាក្នុងការអភិវឌ្ឍន៍ឲ្យខេត្តមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងការបន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិ បង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានមួយកម្រិតថែមទៀត។

ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជម្រុញដល់អភិបាលរងខេត្តថ្មី ដែលទើបបានតែងតាំងថ្មីបានឡើងប្តេជ្ញាចិត្ត ក្រោយរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងខេត្តកំពង់ឆ្នាំង ត្រូវខិតខំធ្វើការងារ ទាំងក្នុងរដ្ឋបាលខេត្ត និងជាមួយប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីដឹកនាំ និងកសាងខេត្តឱ្យទទួលបានជោគជ័យបន្តទៀត។ បន្តជម្រុញដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣,៤,៥)ឲ្យបានគ្រប់ៗគ្នាដើម្បីមានភាពស៊ាំនៅក្នុងសហគមន៍ផងដែរ។

យោងអនុក្រឹត្យលេខ ៧០៨ អនក្រ.តត ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានសម្រេចតែងតាំង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង៖
ទី១/ លោក យិន សាវ៉េន ឋានន្ដរស័ក្ដិឧត្ដមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរងខេត្ត
ទី២/ លោក ឈឹម វុទ្ធា ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត
ទី៣/ លោក ពេជ្រ កែវមុនី ឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាលរងខេត្ត
ទី៤/ លោកយ៉ង ភិរម្យ ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត៕

អត្ថបទទាក់ទង