កំពង់ឆ្នាំង៖ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតី កាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំសិក្សា ២០២០-២០២១ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូអនុរក្សផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានធ្វើការផ្តាំផ្ញើ ដល់គណៈមេប្រយោគ និងអនុរក្ស តាមបន្ទប់ប្រឡងនីមួយៗត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបាននូវគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបទញ្ជាផ្ទៃក្នុងនានាក្នុងការប្រឡង ដើម្បីធានាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ កាន់តែទទួលបានលទ្ធផលល្អ ប្រកបដោយ តម្លាភាព និងគុណភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹង គុណភាពវិស័យអប់រំ និងវិធានការសុវត្ថិភាពសុខភាពក្នុងបរិបទជំងឺកូវីដ-១៩ផងដែរ។
ឯកឧត្តម បានផ្តាំផ្ញើដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់។ ឯកឧត្តម ក៏បានជូនពរដល់ក្មួយៗទាំងអស់សូមប្រឡងជាប់ទទួលបាននិទ្ទេសល្អៗទាំងអស់គ្នា ដើម្បីលើកស្ទួយកិត្តិយសជូនសាលារៀន សង្គម និងគ្រួសារផងដែរ។
តាមរបាយការបញ្ជាក់របស់លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំសិក្សា ២០២០-២០២១ឆ្នាំនេះ ខេត្តកំពង់ឆ្នាំង មានមណ្ឌលប្រឡងចំនួន ០៨ មណ្ឌល ស្មើនឹង១៦៣ បន្ទប់ មានសិស្សសរុប ៤០៦១នាក់ ស្រី២.១៦៥ នាក់ ៕