កំពង់ឆ្នាំង៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលប្រជុំស្រុកទឹកផុស ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារដោះស្រាយទំនាស់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងស្រុកទឹកផុស ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្ត កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ថ្នាក់ដឹកនាំស្រុក និងមេឃុំ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះស្រុកទឹកផុស ដែលសហការជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសំណូមពររបស់ប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ ជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ចំពោះទំនាស់ និងសំណូមពរដែលនៅសេសសល់ ឯកឧត្តមបានអោយក្រុមការងារត្រូវបន្តរួមគ្នាដោះស្រាយឲ្យបានចប់ជូនប្រជាពលរដ្ឋដោយផ្អែកលើយន្តការច្បាប់ តម្លាភាព ដោយភាគីទាំងសងខាងទទួលយកបានទាំងអស់គ្នាដោយអស់ចិត្ត៕