កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានទទួលអំណោយពី សប្បុរសជនក្រុមហ៊ុនគូបូតា ផល្លា រិទ្ធី ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ជួយកាត់បន្ថយការចំណាយផ្សេងៗក្នុងដំណាក់កាលជម្ងឺកូវីដ-១៩ ដែលកំពុងរីករាលដាលចូលក្នុងសហគមន៍។
អំណោយ ក្រុមហ៊ុនគូបូតា ផល្លា រិទ្ធី សាខាកំពង់ឆ្នាំង ឧបត្ថម្ភជូនឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមមាន៖ អង្ករ ចំនួន ០៣តោន, ទឹកសុទ្ធVital ១០០កេស, មីម៉ាម៉ា ១០កេសធំ, ម៉ាស់ ២៥០ប្រអប់, អាល់កុល ០៥កាន និងថវិកាចំនួន ១០លានរៀល។
លោកប្រធានក្រុមហ៊ុន បានលើកឡើងថាៈ ការចូលរួមផ្តល់អំណោយខាងលើនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវអង្ករ និងសម្ភារជូនពួកគាត់កំពុងធ្វើច័ត្តាឡីស័ក និងកំពុងស ម្រាកព្យាបាលជំងឺកូវីត-១៩ តាមមណ្ឌលព្យាបាលនៅក្នុងខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយប្រធានក្រុមហ៊ុនគូបូតា ផល្លា រិទ្ធី ខេត្តកំពង់ឆ្នាំង ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងអំឡុងពេលដែលកំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋយើងដែលបានរងគ្រោះដោយសារជំងឺកូវីដ-១៩ ក្នុងខេត្តទាំងមូលផងដែរ។ ឯកឧត្តម ក៏សូមជូនពរដល់ក្រុមហ៊ុនគុយបូតា ផល្លា រិទ្ធី សូមឱ្យមានជោគជ័យក្នុងការប្រកបអាជីវកម្មលក់ដូរឱ្យកាន់តែជោគជ័យ នឹងប្រសើរឡើងថែមទៀត។
ឯកឧត្តមអភិបាលខេត្ត បានបន្តថាៈ អំណោយដែលបានមកពីសប្បុរស ជនរដ្ឋបាលខេត្ត ត្រូវបានយកទៅបែងចែកទៅ តាមគោលដៅសំខាន់ៗក្នុងខេត្ត ដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលព្យាបាលជំងឺ និងតាមមណ្ឌលចត្តាឡីស័ក និង គ្រោះមហន្តរាយផ្សេងៗទៀតផងដែរ ៕