កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំមណ្ឌលចត្តាឡីស័ក នៅស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ដើម្បីត្រៀមទទួលប្រជាពលរដ្ឋមកពីប្រទេសថៃតាមព្រំដែនគោក។
ក្រុមការងារបានរៀបចំវិទ្យាល័យហ៊ុនសែនរលាប្អៀរ មានចំនួន១អគារ កម្ពស់២ជាន់ មាន១២បន្ទប់ និងបន្ទប់ទឹក៦បន្ទប់, វិទ្យាល័យហ៊ុនសែនបរិបូណ៌ មានចំនួន៤អគារ មាន២៦បន្ទប់ និងបន្ទប់ទឹក៨បន្ទប់ ដែលមានភ្ជាប់បណ្ដាញអគ្គិសនី និងទឹកស្អាតគ្រប់គ្រាន់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានណែនាំដល់អាជ្ញាធរដែនដីស្រុកទាំងពីរ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់តាមដាន និងគ្រប់គ្រងពលករដែលបានវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោកឱ្យបានច្បាស់លាស់ និងអនុវត្តឱ្យបានហ្មត់ចត់ត្រឹមត្រូវស្របតាមសារាចរណែនាំនានារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ៕