កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមនឹង ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយពីសមាគមរាជសីហ៍ ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលពីថ្នាក់ដឹកនាំ និងសមាជិក សមាគមរាជសីហ៍ផងដែរ។
តំណាងថ្នាក់ដឹកនាំរបស់សមាគមរាជសីហ៍បានមានមតិថា ការចូលរួមផ្តល់អំណោយនាពេលនេះគឺជាការងារផ្នែកមនុស្សធម៌មួយសម្រាប់ជួយសម្រួលទុកលំបាកជាមួយរាជរដ្ឋាភិបាល និងរដ្ធបាលខេត្តដែលកំពុងជួបប្រទះនូវការខូចខាតសម្រាប់ បម្រើឱ្យការផ្គត់ផ្គង់ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ-១៩ កំពុងតែរាតត្បាតនៅបច្ចុប្បន្ននេះ បន្ទាប់មកក៏បានប្រគល់ជូននូវអំណោយដល់រដ្ឋបាលខេត្ត មាន៖ អង្ករចំនួន ០៣តោន ទឹកសុទ្ធហាយតិចចំនួន ២០០កេស ម៉ាស់ចំនួន ១០០០០ម៉ាស់ អាល់កុលចំនួន ៣០០លីត្រ និងជែលលាងដៃចំនួន១០កេស។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ និងសមាជិកសមាគមរាជសីហ៍ ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការដោះស្រាយពេលខេត្តកំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់សម្រាប់រដ្ឋបាលខេត្ត។ ឯកឧត្តម បានមានប្រសាសន៍បន្តថា អំណោយដែលបានមកពីសប្បុរសជនត្រូវបានយកទៅបែងចែកទៅតាមគោលដៅសំខាន់ៗ ក្នុងខេត្តដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងគ្រោះមហន្តរាយផ្សេងៗទៀត ៕