កំពង់ឆ្នាំង៖ នាថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយនឹងលោកជំទាវប៊ន សុភី អភិបាលរងខេត្ត បានទទួលអង្ករចំនួន ១០តោន ពីក្រុមហ៊ុនមេធាវី វ័ន អេស៊ា សម្រាប់ជួយដល់ ប្រជាពលរដ្ឋងាយរង គ្រោះទូទៅក្នុងខេត្តកំពង់ឆ្នាំង និងចូលរួមក្នុងយុទ្ធនាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក លោកមេធាវី លីម ស៊ីម ប្រធានក្រុមហ៊ុនមេធាវី វ័ន អេស៊ា និង សហការីទាំងអស់ ដែលបានចំណាយនូវធនធានដ៏មាន តម្លៃដើម្បី ចូល រួម ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ឆ្នាំងក្នុងការជួយ សម្រាលទុក្ខលំបាក របស់ ប្រជាពលរដ្ឋ ផ្នែកជីវភាព (ជនងាយរងគ្រោះ)ក្នុងឧបទ្ទវហេតុនៃគ្រោះមហន្តរាយផ្សេងៗ ជាពិសេសក្នុងពេល ដែល កំពុង មាន វិបត្តិជំងឺកូវីដ-១៩ នេះ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា: អំណោយទាំងអស់ដែលទទួលបានពីសប្បុរសជនត្រូវបានបែងចែក និងយកទៅប្រើប្រាស់ឱ្យចំគោលដៅគ្រប់មណ្ឌលចត្តាឡីស័ក នីមួយៗ និងប្រើប្រាស់តាមស្ថានភាពជាក់ស្ដែង ក្នុងទិសដៅការងារគ្រោះមហន្តរាយ និងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ៕