កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលអភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អភិបាលស្រុក អាជ្ញាធរដែន សម្ពន្ធយុវជនស្រលាញ់សន្តិភាព បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុង នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោក សូត្រ សង់ អភិបាលស្រុកទឹកផុស បានបញ្ជាក់ឱ្យដឹងថាៈ គ្រួសាររងគ្រោះដែលអគ្គីភ័យឆេះផ្ទះទាំងស្រុង ប្តីឈ្មោះ ប៉ែន សារឿន អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុ សៀប អាយុ ៥៣ឆ្នាំ សមាជិកក្នុងបន្ទុក ១០នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៧ៈ៣០នាទី នៅចំណុចអូរអាសី ភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដែលកន្លងមកតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ គ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនោយោបាយឡើយ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់គ្រួសាររងគ្រោះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឱ្យជាប់ជាប្រចាំ ចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ និងសូមថែរក្សាសុខភាពឱ្យបានល្អ ពិសេសជាងនេះ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល គឺ ៣ការពារ ៣កុំ ដើម្បីកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ក្នុងគ្រួសារ និងសហគមន៍យើង។
អំណោយ របស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ដែលបានផ្តល់ជូនគ្រួសាររងគ្រោះរួមមាន៖ អង្ករចំនួន ០៤ការ៉ុង ទឹកសុទ្ធចំនួន ០៤កេស ទឹកត្រីចំនួន ០២យួរ ទឹកស៊ីអ៊ីវចំនួន ០២យួរ មីចំនួន ០៤កេស និងថវិកាចំនួន ១លានរៀល ៕