កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងអំពាវនាវដល់ កម្មករ កម្មការិនី និងអ្នកបើកបររថយន្តដឹកកម្មករ នៅក្នុងស្រុកបរិបូណ៌ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ពីជំងឺកូវីដ-១៩ កុំឱ្យមានការរីករាលដាលក្នុងសហគមន៍។ ឯកឧត្តម បានអំពាវនាវបែបនេះនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងពិធីជួបជាមួយ កម្មករ កម្មការនី និងអ្នកបើករថយន្តដឹកកម្មករនៅស្រុកបរិបូណ៌ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តអំពីវិធានការនានា ដើម្បីទប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព។ ពិធីមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរស្រុក កម្មករ កម្មការី និងអ្នកបើកបរកម្មករ ចូលរួមផងដែរ។
ឯកឧត្តម អម សុភា បានមានប្រសាសន៍ផ្តាំផ្ញើដល់កម្មករ កម្មការីនីនិងអ្នកបើកបរកម្មករទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ ជំងឺកូវីដ-១៩គឺយើងមិនអាចដឹងថា អ្នកផ្ទុកឬក៏មិនមានទេ ព្រោះយើងមើលមិនដឹងនោះទេ ដូចនេះយើងត្រូវតែគិតពី សុខភាពរបស់ខ្លួន ដោយអនុវត្តន៍តាមវិធានការរបស់រដ្ឋបាលខេត្ត វិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចគឺ៣ការពារ និង ៣កុំអោយបានជាប់ជាប្រចាំទើបធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង និង សម្រាប់ក្រុមគ្រួសារនិងមជ្ឈដ្ឋានជុំវិញខ្លួន ៕