កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ជា ម៉ុង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកាជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ មានការចូលរួមពីលោក វន ស៊ីផា អភិបាលស្រុក លោក ឈួន ចាន់ណា អភិបាលរងស្រុក និងអាជ្ញាធរឃុំ ភូមិ។
សូមជម្រាបជូនផងដែរថា៖ នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ រំលងអាធ្រាត មានភ្លៀងមួយមេលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទះមួយខ្នងទំហំ ៧ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងផ្ទះទើបនឹងសង់ថ្មី ម្ចាស់ផ្ទះដែលដួលរលំមានឈ្មោះ នូ សារូ ភេទប្រុស អាយុ ៤៣ឆ្នាំ ប្រពន្ធឈ្មោះ យែ រ៉ែម អាយុ ៤០ឆ្នាំ ខូចខាតផ្ទះទាំងស្រុង និងម៉ូតូមួយគ្រឿងម៉ាកនិចទុកនៅក្រោមផ្ទះ និងធ្វើឱ្យរបើកដំបូលចំនួន ០៦ខ្នងទៀតដែលគ្រាន់របើកបន្តិចបន្តួចប៉ុណ្ណោះ។
អំណោយដែលក្រុមការងារនាំយកទៅចែកជូនដល់គ្រួសារដែលរងគ្រោះដោយរលំផ្ទះមាន៖ ថវិកា៥០មុឺនរៀល, អង្ករ១បាវ ៥0គីឡូក្រាម, មី ២កេះតូច, ទឹកត្រី២យួរ, ទឹកសុីអុីវ ២យួរ, ត្រីខ២យួរ, កៅស៊ូ តង់ ២ ផ្ទាំង។ គ្រួសារដែលរងការខូចខាតតិចទួចមាន ០៦គ្រួសារក្នុង១គ្រួសារទទួលបាន៖ ថវិកា ១០មុឺនរៀល, អង្ករ១បាវ ២៥គីឡូក្រាម, មី ១កេះតូច, ទឹកត្រី១យួរ, ទឹកសុីអុីវ ១យួរ, ត្រីខ១យួរ ៕