សាមគ្គីមានជ័យ៖ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ សមាគមទ្រទ្រង់ព្រះពុទ្ធសាសនា និងបណ្តុះបណ្តាលសិស្សក្រីក្រ(ស.ព.អ) ដឹកនាំដោយព្រះគ្រូ សិរីវឌ្ឍនៈ សៀង សំណាង ព្រះគ្រូសូត្រស្តាំ វត្តក្បាលកោះ និងជាប្រធានប្រធានសមាគម និមន្តនាំយកសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកា ជ្តល់ដល់រដ្ឋបាលស្រុកសាមគ្គីមានជ័យ ដើម្បីប្រើប្រាស់បម្រើដល់ការងារមនុស្សធម៌ និងការងារសង្គមផ្សេងៗ។ សម្ភារ និងថវិការួមមាន៖ ១-អង្ករ ៦បេ ២-មី ១០កេះ ៣-ទឹកត្រី ១៣យួ ៤-ទឹកស៊ីអ៊ីវ ១២យួ ៥-លំដាប់ចានឆ្នាំង ១១ ឈុត និងថវិកា ៥០០,០០០ រៀល។
ព្រះគ្រូ សិរីវឌ្ឍន: សៀង សំណាង ព្រះប្រធានសមាគមបានសង្ឃដីកាថា សម្ភារ និងថវិកានេះបានមកពីសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទទាំងក្នុងក្រៅប្រទេសបានវេរប្រគេនព្រះអង្គសម្រាប់កិច្ចការមនុស្សធម៌ និងដោយសង្កេតឃើញរដ្ឋបាលស្រុកសាមគ្គីមានជ័យ បានធ្វើសកម្មភាពមនុស្សធម៌នាពេលកន្លងមក និងបានទទួលព័ត៌មានលោក ប៊ូ សុធី អនុប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម នៃរដ្ឋបាលស្រុក ដែលថា រដ្ឋបាលស្រុកមានតម្រូវការសម្ភារ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតផងនោះ ក៏សម្រេចនាំយកនូវសម្ភារ និងថវិកាមកប្រគល់ជូនរដ្ឋបាលស្រុកចាត់ចែងបន្តប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
លោក វន ស៊ីផា អភិបាលស្រុក បានថ្លែងអំណគុណដល់ព្រះគ្រូ សិរីវឌ្ឍន: សៀង សំណាង ព្រះប្រធានសមាគមទ្រទ្រងព្រះពុទ្ធសាសនា និងបណ្តុះបណ្តាលសិស្សក្រីក្រ ដែលបានយកអំណោយមកជូនដល់រដ្ឋបាលស្រុក ដើម្បីចាត់ចែងប្រើប្រាស់ ចែកជូនដល់គ្រួសារក្រីក្រ និងជនរងគ្រោះផ្សេងៗ នៅក្នុងស្រុកសាមគ្គីមានជ័យទាំងមូល។ លោកបន្តទៀតថា សម្ភារទាំងអស់នេះពិតជាមានសារៈសំខាន់ចំពោះស្ថានភាពបច្ចុប្បន្នដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិរងគ្រោះដោយជំងឺកូវីដ-១៩ ដែលធ្វើឱ្យប្រជាជនមួយចំនួនជួបកាខ្វះខាតផងដែរ។ ដូចនេះរដ្ឋបាលស្រុកនឹងប្រើប្រាស់អំណោយនេះ អោយចំគោលដៅ និងប្រកបដោយសមធម៌ ៕