រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ព្រះវិន័យធរគណខេត្តកំពង់ឆ្នាំង និងពុទ្ធិបរិស័ទវត្តទួលខ្សាច់ ផ្តល់ថវិកា និង គ្រឿងឧបភោគបរិភោគដល់កម្លាំងនគរបាលប្រចាំការមណ្ឌលចត្តាឡីស័កឃុំទឹកហូត

  • 401
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ គ្រឿងឧបភោគបរិភោគ និង ថវិកា ដែលបានមកពីការចូលរួមពីសំណាក់ព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ ត្រូវបានព្រះសិលាភិរ័ត ហែម ឡូត ព្រះរាជាគណថ្នាក់កិត្តិយសទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងជាព្រះវិន័យគណធម៌ខេត្តកំពង់ឆ្នាំង ព្រះចៅអធិកាវត្តទួលខ្សាច់ បានប្រគល់ជូនដល់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដែលកំពុងការពារសន្តិសុខសុវត្ថិភាព នៅមណ្ឌលចត្តាឡីស័ក នៅក្នុងស្រុករលាប្អៀរ។

ព្រះសិលាភិរ័ត ហែម ឡូត បានមានសង្ឃដីកាថាៈ ដោយមើលឃើញកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងនគរបាល ដែលកំពុងចូលរួមការពារសន្តិសុខនៅតាមមណ្ឌលចត្តាឡីស័កនៃស្រុករលាប្អៀរ ព្រះសង្ឃ និងពុទ្ធិបរិស័ទ នៅវត្តទួលខ្សាច់បានបរិច្ចាកនូវធនធានមួយចំនួន ដើម្បីទិញនូវស្បៀង និងគ្រឿងបរិភោគ ដើម្បីផ្តល់ជូនកងកម្លាំងនគរបាល ជាការលើកទឹកចិត្ត និងសម្រួលដល់ការលំបាក ក្នុងពេលដែលបំពេញភារកិច្ច នៃសកម្មភាព ប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

ព្រះសិលាភិរ័ត ហែម ឡូត បានមានសង្ឃដីកាបន្តទៀតថា អំណោយដែលបានផ្តល់ជូនដល់កងកម្លាំងនាពេលនេះ គឺជាការចែករំលែក គ្នាទៅវិញទៅមក ព្រះសង្ឃរស់នៅអាស្រ័យជាមួយប្រជាពុទ្ធិបរិស័ទ និង អាជ្ញាធរ ហើយព្រះសង្ឃក៏ត្រូវតែចូលរួមនូវក្នុងកិច្ចការសង្គមផងដែរ កិច្ចការពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម គឺជាកាតព្វកិច្ចដែលមិនអាចខ្វះបាន ។

អំណោយដែលបានផ្តល់ជូនដល់កងកម្លាំងនគរបាលស្រុករលាប្អៀរ ដែលកំពុងប្រចាំការនៅមណ្ឌលចត្តាឡីស័កឃុំទឹកហូតនេះ អង្ករ២០០គីឡូក្រាម ថវិកា២០ម៉ឺនរៀល, មី៥កេស, ត្រីខកំប៉ុង៥យួរ, ទឹក្រូច និងទឹកផ្លែឈើ ៥កេស, ទឹកត្រី៣យួរ, ទឹកស៊ីអ៊ីវ៣យួរ និងទឹកសុទ្ធ២០កេស ៕

អត្ថបទទាក់ទង