កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ជា ម៉ុង ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុន សំអុល ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខក្រុមការងារប្រចាំការមណ្ឌលចត្តាឡីស័ក និងបងប្អូនប្រជាពលរដ្ឋចំណាកស្រុក មកធ្វើចត្តាឡីស័ក។
ក្នុងឱកាសនោះក្រុមការងារបានពាំនាំនូវថវិការបស់ឯកឧត្តមបណ្ឌិតសភាចារ្យចំនួន ៨.០០០.០០០រៀល (ប្រាំបីលានរៀល) ឧបត្ថម្ភជូនរដ្ឋបាលស្រុកសាមគ្គីមានជ័យដើម្បីទ្រទ្រង់ដល់ដំណើរការមណ្ឌលចត្តាឡីស័ក និងអំណោយរបស់ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យរួមមានៈ ទឹកបរិសុទ្ធចំនួន ៥០ កេស ម៉ាស់ ១០០ ប្រអប់ ម៉ាស៊ីនបាញ់កម្តៅ ២គ្រឿង អាល់កុល ៣ ធុង (៩០លីត្រ) ដបបាញ់អាល់កុល ១០ ដប មីកំប៉ុង ១០ កេស ទឹកក្រូច ២០ កេស សាប៊ូ ២ កេស សរុបទឹកប្រាក់ ៤.០៥៩.០០០ រៀល (បួនលាន ហាសិបប្រាំបួនពាន់រៀល) ដើម្បីប្រើប្រាស់ក្នុងមណ្ឌលចត្តាឡីស័ក។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងឯកឧត្តម អ៊ុក ប្រជា ចំពោះក្រុមការងារប្រចាំការនៅមណ្ឌលចត្តាឡីស័កដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញការងារ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កមេត្តាចូលរួម យល់យោគ អធ្យាស្រ័យចំពោះការដែលឱ្យបងប្អូនមកធ្វើចត្តាឡីស័ក សូមបងប្អូនថែរក្សាសុខភាព និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានល្អជាពិសេសកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ៕