កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom) ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ដោយឡែក ចំពោះវត្តមានរបស់កងកម្លាំងទាំងបីឈរជើងក្នុងខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងឃុំ សង្កាត់មួយចំនួន គឺមិនត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ទេ គឺចូលរួមក្នុងតាមប្រព័ន្ធអេឡិចត្រូនិច(zoom)។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីផ្សព្វផ្សាយរសេចក្ដីណែនាំស្ដីពីការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពង្រឹងសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ: អនាម័យ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៕