កំពង់ឆ្នាំង៖ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងទិវាខួបអនុស្សាវរីយ៍លើកទី១១០ ទិវាអន្តរជាតិនារី៨មីនា នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ
លោក ឆាយ លាភា បានថ្លែងថាៈ បងប្អូនស្រ្តីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ។ ដូចនេះត្រូវខិតខំអភិវឌ្ឍនូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការសង្គមជាតិឱ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិកាន់តែប្រសើរឡើង និងកាន់តែមានភាពផុលផុសជាងមុន។
លោកប្រធាន បានមានប្រសាសន៍បន្តទៀតថាៈ ប្រធានបទ «ស្ត្រីនិងការអភិវឌ្ឍ ក្នុងបរិការណ៍កូវីដ-១៩» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសមភាពយេនឌ័រដែល រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងគាំទ្រ ជម្រុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាពឋានៈ តួនាទីរបស់ស្ត្រី និងសុខុមាលភាពសង្គម ដើម្បីអភិវឌ្ឍធនធាន មនុស្សប្រកបដោយគុណភាព និងសមត្ថភាព។
ជាចុងបញ្ចប់ លោកប្រធានមន្ទីរ បានជូនបាច់ផ្កាដល់ប្រធាននារីមន្ទីរ និងជូនវត្ថុអនុស្សាវរីយ៍ដល់ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាផងដែរ ៕