កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំក្រុមអ្នកបច្ចេកទេសក្រសួង និងមានការចូលរួមពីលោក ជិន រដ្ឋា ប្រធានមន្ទីរ ចុះពិនិត្យស្ថានភាពផ្លូវ និងស្ពានទ្រុឌទ្រោមចំនួន ០២កន្លែង ក្នុងស្រុកកំពង់ត្រឡាច និងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ជូនផងដែរថាៈ ស្ពានចាស់មានសភាពទ្រុឌទ្រោមចំនួន ០២កន្លែង គឺមានស្ពានស្ទឹងស្ងួត ដែលប្រវែង ៨០ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច និងស្ពានមួយកន្លែងទៀត ស្ថិតនៅក្នុងភូមិតាមុល ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យលទ្ធភាព និងរៀបចំគម្រោងស្ថាបនា ៕