រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ដើម្បីជួយដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ

  • 545
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ដើម្បីជម្រាបជូនអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ស្វែងយល់អំពីស្ថានភាព ជីវភាពរស់នៅ ក្តីកង្វល់ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំខ្នាឆ្មារ ឃុំធ្លកវៀន និងឃុំក្រាំល្វា។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងារ និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រៀបចំនៅក្នុងបរិវេនវត្តបឹងខ្នារ ស្ថិតក្នុងភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អង្គវេទិកាត្រូវបានរៀបចំឡើងដោយបានអនុវត្តនូវគោលការណ៍សុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រព្រឹត្តទៅដោយរលូន ព្រមទាំងសម្រេចបានលទ្ធផលល្អ។ ក្នុងនោះក្រុមការងារទទួលបានបញ្ហា និងសំណូមពរដោយផ្ទាល់មាត់ និងសរសេរចំនួន ១២ករណី៖

  • ទំនាស់ដីធ្លីមានចំនួន ២ករណី
  • ធនធានទឹកចំនួន ១ករណី
  • រ៉ែ និងថាមពល (ការតភ្ជាប់បណ្តាញអគ្គិសនីចំនួន ៣ ករណី )
  • អប់រំ ១ ករណី
  • អភិវឌ្ឍន៍ជនបទចំនួន ៥ករណី។
    ចំពោះបញ្ហា និងសំណូមពរខាងលើ ក្រុមការងារ បានដោះស្រាយនៅនឹងកន្លែង បានចំនួន ២ករណី និងបន្តដោះស្រាយបញ្ចប់ចំនួន១០ ករណីទៀត។ ក្រុមការងារបានទទួលយកសំណើ ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលនៅសេសសល់ ដើម្បីបន្តពិនិត្យ និងដោះស្រាយ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានជម្រាបជូនប្រជាពលរដ្ឋថាៈ រាល់បញ្ហា ក្តីកង្វល់ និងសំណូពរមិនចាំបាច់លើកតែនៅក្នុងអង្គវេទិកាសាធារណ:នោះទេ គឺអាចលើកនៅពេលវេលាណាក៏បានដែរតាមរយ:ប្រធានភូមិ ឃុំ និងស្រុក ដើម្បីបញ្ជូនមកក្រុមការងារបន្តពិនិត្យ និងរកដោះស្រាយជូន។ អង្គវេទិកា ក៏បានសំណូមពរដល់ក្រុមការងារនៅតាមបណ្តាក្រសួង ស្ថប័នមន្ទីរ និងអង្គភាពពាក់ព័ន្ធ បន្តខិតខំដោះស្រាយនូវបញ្ហា ក្តីកង្វល់ និងសំណូមពរទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងវិស័យរបស់ខ្លួនជាបន្តទៀត ៕

អត្ថបទទាក់ទង