ខេត្តកំពង់ឆ្នាំង ÷ នាព្រឹកថ្ងៃពុធ ៦ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក ប្រាក់ វ៉ុន លេខាធិការគណៈកម្មាធិការសាខា លោកអ៊ុក រស់ លោកស៊ឹម ប្រឹម សមាជិកគណៈកម្មាធិការសាខា លោក លោកស្រី សមាជិកសមាជិកា គណៈកម្មាធិការសាខា នាយក នាយិការងសាខា មន្ត្រីសាខា និងអនុសាខា ស្រុកជលគិរី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនស្រ្តីមានផ្ទៃពោះ និងស្ត្រីមានកូនតូច(អាយុក្រោម ៦ខែ) ចំនួន ៦០គ្រួសារ ដែលប្រព្រឹត្តទៅ នៅមណ្ឌលសុខភាព ព្រៃគ្រី នៅភូមិ ព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម អម សុភា បានអានសារលិខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារដោយមានខ្លឹមសារថាៈ
១-សូមឲ្យស្រ្តីមានផ្ទៃពោះទាំអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ឲ្យបានទៀងទាត់យ៉ាងតិចចំនួន៤ដងទៅតាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ជាពិសេសស្ម័គ្រចិត្តធ្វើត្តេសឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងពីរម្តាយទៅកូន។
២.សូមទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
៣.សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតាទាំងទារកយកកូនទៅទទួលថ្នាំបង្ការជំងឺ១១មុខតាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និង ការលូតលាស់របស់កូនរហូតដល់កូនមានអាយុ២ឆ្នាំ។
៤.សូមបំបៅដោះទារកដោយទឹកដោះម្តាយតែ
មួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង)រួមជាមួយការបំបៅទឹកដោះម្តាយរហូតដល់កុមារអាយុ២ឆ្នាំង។
៥.សូមប្រញ៉ាប់យកទារកឬកុមារទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏ បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្ទីរាជការ បុគ្គលិកសុខាភិបាលអ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តន៍គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាពខ្ពស់ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលតាមការកំណត់ និង អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និង អន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និង កុមានៅកម្ពុជា។
ក្នុងនោះផងដែរ ឯកឧត្តមប្រធានគណៈ:កម្មាធិការសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត និងជាពិសេស ត្រូវទៅពិនិត្យផ្ទៃពោះតាមការកំណត់របស់គ្រូពេទ្យ ។
អំណោយដែលបានផ្ដល់ជូនរួមមាន÷ មុង ១, សារុង ១,ក្រមា ១, ភួយ ១ ,កន្សែងពោះគោតូច ១,ខោអាវក្មេង១កំប្លេរ, ស្រោម ដៃ/ជើង ៤គូ, សាប៊ូក្មេង ១ដប,មួកក្មេង ១, អាវយឺត ២ ,និងថវិកា ២០ ០០០រៀល។
គួររំលឹកដែរថា ការប្រារព្ធពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនស្រ្តីមានផ្ទៃពោះ និងស្ត្រីមានកូនតូច(អាយុក្រោម ៦ខែ) ចំនួន ៦០គ្រួសារនេះ គឺដើម្បីគាំពារគោលនយោបាយ ឈានឆ្ពោះទៅទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១។