រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩ នៅថ្នាក់ឃុំ របស់គណៈកម្មាធិការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ

  • 639
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនៃគណៈកម្មាធិការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ-១៩ នៅថ្នាក់ឃុំ ក្រោមអធិបតីភាពឯកឧត្ដម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមបច្ចេកទេសកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តកំពង់ឆ្នាំង លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត និងជាប្រធានលេខាធិការដ្ឋានកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត និងសហការី លោក លោកស្រីអភិបាលរងស្រុក តំណាងនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសប្បទាខេត្ត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ និងក្រុមប្រឹក្សាឃុំ ព្រមទាំងមេភូមិក្នុងឃុំទាំងបី។

គណៈប្រតិភូក្រសួងផែនការ និងថ្នាក់ដឹកនាំខេត្តធ្វើការប្រជុំនៅតាមសាលាឃុំចំនួន០៣គឺ(១)នៅឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ (២)ឃុំចោងម៉ោង ស្រុកទឹកផុស និង(៣)ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។ ការចុះពិនិត្យការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំអំឡុង ជំងឺកូវីដ-១៩ មានគោលបំណងដើម្បីស្វែងយល់ ពីចំនុចខ្លាំង ចំនុចខ្សោយ និងតម្រូវការចាំបាច់របស់អ្នកអនុវត្ត ដែលជាព័ត៌មានសម្រាប់ធ្វើការកែលម្អការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ឯកឧត្ដម អម សុភា បានមានប្រសាសន៍ដល់ថ្នាក់ដឹកនាំឃុំ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រគឺត្រូវពិនិត្យអោយបានគ្រប់ជ្រុងជ្រោយដើម្បីឱ្យគ្រួសារក្រីក្រនៅក្នុងមូលដ្ឋានបានទទួលប្រព័ន្ធគាំពាសង្គម និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែកមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូពីសុខទុករបស់ប្រជាពលរដ្ឋនៅគ្រប់លំដាប់ថ្នាក់។ឯកឧត្ដមបានបន្តថាមេភូមិ ក្រុមប្រឹក្សាដែលជាអ្នកអនុវត្តផ្ទាល់នៅមូលដ្ឋានត្រូវពិនិត្យដកចេញនូវគ្រួសារដែលមានជីវភាពប្រសើរឡើង រួចផុតពីជីវភាពក្រីក្រ គឺត្រូវពិនិត្យដកចេញពីបញ្ជីគ្រួសារក្រីក្រក្នុងភូមិ និងឃុំ នៅក្នុងយន្ដការនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រតាមការស្នើសុំ និងត្រូវធានាថាមិនមានគ្រួសារដែលមានជីវភាពប្រសើរណាមួយមានឈ្មោះក្នុងបញ្ជីរគ្រួសារក្រីក្រក្នុងឃុំឡើយ។

ឯកឧត្ដម ប៉ាន ប៊ុនធឿន បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក អជ្ញាធរឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសម្របសម្រួលអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រទទួលបានលទ្ធផលបានលទ្ធផលល្អប្រសើរ និងទាន់ពេលវេលាដែលរាជរដ្ឋាភិបាលត្រូវការដើម្បីយកទិន្នន័យនេះជួយដល់គ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីរាលដាលនៃជំងឺកូវីដ-១៩។ ជាចុងក្រោយឯកឧត្ដមបានផ្ដាំផ្ញើដល់គ្រួសារក្រីក្រត្រូវយកថវិកាដែលរាជរដ្ឋាភិបាលបានឧបត្ថម្ភក្នុងអំឡុងពេលនៃការរីរាលដាលនៃជំងឺកូវីដ-១៩ ទៅប្រកបរប ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារបន្ថែម និងត្រូវពាក់ម៉ាស ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឳ្យការពារអគ្គីភ័យដែលអាចកើតមានជាយថាហេតុនារដូវប្រាំនេះ និងធ្វើអនាម័យជាប្រចាំរក្សាគម្លាតសង្គម តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមការពារការរីករាលដាលជំងឺកូវី-១៩ ៕

https://youtu.be/4ZvnhcCPfy8

អត្ថបទទាក់ទង