រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិការសាធារណៈនៅស្រុកកំពង់លែង ឆ្លុះបញ្ចាំងពីភាពវិជ្ជមាន និងអវិជ្ជមាន នៅក្នុងមូលដ្ឋានស្នើអោយមន្រ្តីជំនាញចូលរួមដោះស្រាយ

  • 604
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្លែងទៅកាន់មន្រ្តី អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងវេទិកាសាធារណៈនៅស្រុកកំពង់លែង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង បានលើកឡើងថា វេទិការសាធារណៈដែលបានធ្វើឡើងនាពេលនេះពិតជាមានសារៈសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសកម្មភាព របស់មន្រ្តីអាជ្ញាធរក្នុងមូលដ្ឋាន ពិសេសកាផ្តល់សេវាសាធារណៈបំរើជូនប្រជាពលរដ្ឋបានល្អប្រសើរ នឹងរកចំណុចអវិជ្ជមានដើម្បីធ្វើការដោះស្រាយ និងកែលម្អឱ្យកាន់តែមានប្រសិទ្ធ
ភាព។

ឯកឧត្តមបានលើកឡើងទៀតថា វេទិកាសាធារណៈនេះ បានធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បានចូលសំដែងមតិ ឬផ្តល់យោបល់ទាក់ទងទៅនឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ភូមិឃុំមានសុវត្ថិភាព និងរួមគ្នាដោះស្រាយផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដូចនេះរាល់វេទិការសាធារណៈនៅគ្រប់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋត្រូវហ៊ាននិយាយការពិតនូវរាល់ចំណុចសកម្ម និងចំណុចអសកម្ម ដែលកើតមាននៅក្នុងមូលដ្ឋានតាមរយៈវេទិកាសាធារណៈ ព្រោះថា វេទិកានេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យបងប្អូនបញ្ចេញយោបល់ ដើម្បីធ្វើការកែលម្អភាពចន្លោះប្រហោងរបស់មូលដ្ឋាន អោយកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមបានបញ្ជាក់ទៀតថា ភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ គឺមានតួនាទីលើកកម្ពស់ការដឹកនាំ សម្រប សម្រួល និងគាំទ្រដល់រដ្ឋបាល ថ្នាក់ក្រោមជាតិក្នុងការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប៉ុន្តែមិនមានតួនាទីឬសិទ្ធិសម្រេច កិច្ចការជំនួសក្រសួង និងស្ថាប័ននានានោះឡើយ ហើយក៏ពុំអាច ចាត់ចែងកិច្ចការជំនួសរដ្ឋបាល ថ្នាក់ក្រោមជាតិ និង អាជ្ញាធរមានសមត្ថកិច្ចនានានោះដែរ។

នៅក្នុងវេទិការនេះប្រជាពលរដ្ឋបានលើកឡើង ពាក់ព័ន្ធការធ្វើថ្មី និងកែអត្រានុកូលដ្ឋាននៅមានភាពយឺតយ៉ាវ រួមនិងការស្នើសុំធ្វើផ្លូវ ប្រឡាយទឹកផងដែរ។ ជាមួយនេះប្រជាពលរដ្ឋក៏បានលើកឡើងអំពីផលលំបាកមួយចំនួនដែលបង្ករឡើងដោយរថយន្តដឹកដីនៅតាមភូមិឃុំរបស់គាត់ ដែលធ្វើឲ្យហុយនិងខូចផ្លូវផងដែរ។ ទុក្ខកង្វល់ទាំងនេះត្រូវបានមន្រ្តីជំនាញ និង អាជ្ញាធរធ្វើការបកស្រាយពន្យល់ដល់ប្រជាពលរដ្ឋនិងចាត់ដល់មន្រ្តីជំនាញនិងអាជ្ញាធរចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលា ៕

https://youtu.be/04wQtBWkGw0

អត្ថបទទាក់ទង