កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ រួមជាមួយក្រុមការងារ ក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំភូមិ បាននាំយកអំណោយមនុស្សធម៌ចូលរួមរំលែកមរណទុក្ខជូនគ្រួសារសពកុមារលង់ទឹកស្រះចំនួន ១នាក់ ឈ្មោះ ឌី ចេន ភេទប្រុស អាយុ៤ឆ្នាំ ស្ថិតនៅក្នុងភូមិចង្វារៀល ឃុំពាម កាលពីថ្ងៃសុក្រទី២៩ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសនោះលោកបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា, ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ចំពោះគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន និងសូមឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្តសពបានដល់ឋានសុគតិភព។ អំណោយដែលបាននាំយកទៅជូនគ្រួសារសពមាន៖ អង្ករ ៣០គីឡូក្រាម និងថវិកា ២០០.០០០រៀល។
លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងរស់នៅដោយមានអនាម័យជានិច្ចគឺៈ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ថែរក្សាការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជៀសវាងការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ ដែលកំពុងតែបង្កហានិភ័យនៅទូទាំងសកលលោក ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។ លោកប្រធានកបានណែនាំឱ្យអាជ្ញាធរឃុំជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បើមានស្រះទឹកត្រូវធ្វើរបងឱ្យជិតដើម្បីការពារពិសេសការពារចំពោះកុមារតូចៗ កុំឱ្យចូលលេងក្នុងស្រះទឹកបាន ហើយក្នុងរដូវក្តៅនេះសូមប្រយ័ត្នចំពោះអគ្គីភ័យផ្សេងៗ ៕