កំពង់ឆ្នាំង: នាព្រឹកថ្ងៃ១៤ ខែមករា ឆ្នាំ២០២១នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីវិនិយោគបីឆ្មាំរំកិល (២០២១ -២០២៣) ខេត្ត និងណែនាំស្តីពីការប្រមូលព័ត៌មានតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២ -២០២៤)ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ផាន់ ច័ន្ទដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ ខ្ពស់ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានក្រុម ការងារកសាងផែនការ និងអភិវឌ្ឍន៍ខេត្ត។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្ដ្រយ៍នៃក្រុមការងារកសាងផែនការ និងអភិវឌ្ឍន៍ខេត្ត លោកនាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ជាសមាជិកនៃក្រុមការងារកសាងផែនការ លោក លោកស្រីអភិបាលរងក្រុង ស្រុក និងមន្ដ្រីនៃការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់។
កិច្ចប្រជុំផ្សព្វផ្សាយនូវកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១ - ២០២៣ រៀបចំឡើងក្នុងគោល បំណងដើម្បីផ្សព្វផ្សាយដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ស្ថាប័នជាតិ អង្គការមិនមែនរដ្ឋាភិបាល សប្បុរសជនទាំងអស់ ដើម្បីផ្ដោតយកចិត្តទុកដាក់ជាមូលដ្ឋានបង្អែក សម្រាប់អនុវត្តគម្រោងសកម្មភាពនានា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របទៅតាមផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២០-២០២៤) ខេត្ត ផែនការយុទ្ធសាស្ត្ជាតិ(២០១៩-២០២៣) និងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី ៤ របស់រាជរដ្ឋាភិបាល។
ឯកសារកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ គឺជាបណ្ដុំនូវឯកសារសកម្មភាពអាទិភាព ដែលបានមកពីការវាយតម្លៃវិភាគ ព័ត៌មានវិភាគស្ថានភាពខេត្ត ឯកសារវិភាគបញ្ហារបស់មន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីកំណត់ឫសគល់បញ្ហាលើកនូវដំណោះស្រាយស្វែងរកការគាំទ្រពីបណ្ដា ប្រភពជំនួយនានា និងការបង្ហាញនូវតម្រូវការជាអាទិភាពរបស់ប្រជាជននៅក្នុងខេត្តក្នុងកិច្ចដំណើរការអភិវឌ្ឍន៍មូលដ្ឋានក្នុងបណ្ដាឆ្នាំខាងមុខ ៕